ខេត្តកំពង់ស្ពឺជាកូនក្រមុំ ទាញវិនិយោគលើវិស័យឧស្សាហកម្ម និងមានសក្តានុពលសម្រាប់វិស័យទេសចរណ៍

  • Administrator
  • 01 Mar, 2021

ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ --ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ AKP ឱ្យដឹងថា កំពង់ស្ពឺជាខេត្តមួយ ប្រៀបបានដូចកូនក្រមុំ ដែលទាក់ទាញ អ្នកវិនិយោគជាច្រើនលើវិស័យ ឧស្សាហកម្ម និងមានសក្តានុពលលើវិស័យទេសចរណ៍ ដែលជាកត្តារុញខេត្តមួយនេះ មានការរីកចម្រើនលើគ្រប់វិស័យ នាពេលបច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគត។

6AFA9CE0_6B20_4DBB_BD3F_9414DD37.jpeg (177 KB)

ឯកឧត្តមបានថ្លែងទៀតថា «ខេត្តកំពង់ស្ពឺ ជាខេត្តមួយកំពុងមានភាពទាក់ទាញអ្នកវិនិយោគ លើវិស័យឧស្សាហកម្ម ដោយសារខេត្តមួយនេះនៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមានផ្លូវជាតិបីខ្សែ គឺផ្លូវលេខ៥១ ផ្លូវលេខ៤៤ និងផ្លូវលេខ៤១ ដែលជាផ្លូវមានគម្រោង អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស»។ ក្នុងនោះផ្លូវ៥១ ជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCICដែលមានផ្ទៃដី ៥០០ហិកតា ផ្លូវលេខ៤១ មានគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនសិង្ហបុរី និងផ្លូវលេខ៤៤ មានក្រុមហ៊ុនជាច្រើនកំពុងអភិវឌ្ឍន៍លើវិស័យជាច្រើន។ កត្តាទាំងនេះហើយដែលធ្វើឱ្យខេត្តកំពង់ស្ពឺ កំពុងមានភាពទាក់ទាញលើវិស័យអចលនទ្រព្យផងដែរ។

C56E67D9_71F7_4E3B_A7B3_24C4A4E0.jpeg (134 KB)ចំពោះវិស័យទេសចរណ៍វិញ លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា ខេត្តកំពង់ស្ពឺមានលក្ខណៈពិសេសខុសពីខេត្តក្រុងដទៃទៀតដោយសារ ខេត្តនេះសម្បូរភូមិជនជាតិចម្រុះរស់នៅ មានសម្រស់ធម្មជាតិបែបព្រៃភ្នំ និងសម្រស់ធម្មជាតិតាមបែបស្រែ ចម្ការ ព្រមទាំងមានតំបន់ទឹកធ្លាក់ជាច្រើនកន្លែង។ តំបន់ទេសចរណ៍មួយចំនួនមានភាពស្ងប់ស្ងាត់ល្អ ដូចជារមណីយដ្ឋានជីវចម្រុះទឹកធ្លាក់ចំបក់ រមណីយដ្ឋានអេកូទេសចរណ៍ភ្នំជ្រាវ ឧទ្យានជាតិគិរីរម្យ និងតំបន់ទេសចរណ៍ភ្នំខ្នងផ្សា ជាតំបន់ប្រៀបបានឋានសួរគ៌ធម្មជាតិកប់ក្នុងព្រៃភ្នំដ៏ធំ ស្ថិតក្នុងភូមិបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ភ្នំខ្នងផ្សាមានទីតាំងប្រសព្វមុំបី ដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ជាមួយគ្នានេះ ខេត្តកំពង់ស្ពឺក៏មានរមណីយដ្ឋានបែបបុរាណវិទ្យា និងប្រវត្តិ សាស្រ្តផងដែរដូចជា តំបន់ភ្នំព្រះ ភ្នំចាស់ ភ្នំព្រៃខ្មែរ និងតេទឹកពុះជាដើម។

បច្ចុប្បន្ន អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវថ្នល់ ទៅតំបន់ទេសចរណ៍ទាំងអស់របស់ខេត្ត ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរ ក្នុងការធ្វើដំណើរទស្សនាកម្សាន្តផងដែរ។ ក្រៅពីនេះអាជ្ញាធរខេត្ត ក៏បានរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីបង្ហាញសេវាកម្មថ្មីៗនៅតាមរមណីយដ្ឋានទេសចរណ៍ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តផងដែរ។

គូរបញ្ជាក់ថា ក្រៅពីវិស័យទេសចរណ៍ ខេត្តកំពង់ស្ពឺក៏មានរោងចក្រដាក់ទីតាំងក្នុងខេត្ត ដែលមានប្រមាណជាង ២០០រោងចក្រ និងមានកម្មករកម្មការិនីប្រមាណជាង ១២ម៉ីននាក់កំពុងធ្វើការងារ ដែលទាំងអស់នេះបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋផងដែរ៕

ដោយ​ លឹម សាន្ត

 

គេហទំព័រហ្វេសប៊ុក

គេហទំព័របានចុះបញ្ជី