Kieran Trippier​ ទៅ Atletico Madrid ភ្លាម​លើក​សរសើរ Diego Simeone ​មិន​ដាច់​ពី​មាត់​

  • Administrator
  • 18 Jul, 2019

Trippier-1-696x400.jpg (16 KB)

បាល់ទាត់៖ ​ខ្សែ​ការពារ​ស្លាប​ស្តាំ Kieran Trippier​ បាន​បំពេញ​រួចរាល់​ក្នុង​ការ​ចុះ​កិច្ច​សន្យា​ផ្ទេរ​ពី Tottenham Hotspur ទៅ​កាន់ Atletico Madrid ក្នុង​តំលៃ 20លាន​ផោន​។ ​អ្នក​ស៊ុត​បញ្ចូល​ទី​បាល់ Freekick​ ឲ្យ​អង់គ្លេស​នាំមុខ​ពេល​ចាញ់​ក្រូ​អាស៊ី​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup 2018 រូប​នេះ​បាន​ចុះ​ហត្ថលេ​ខា​ជាមួយ Atletico Madrid 3​ឆ្នាំ​។

ក្រោយ​ទៅដល់​ទឹកដី Madrid ភ្លាម Trippier​ ក៏បាន​ចូល​ហ្វឹកហាត់​ភ្លាមៗ​ដែរ និង​បាន​លើក​សរសើរ​លោក Diego Simeona​ មិន​ដាច់​ពី​មាត់​ឡើយ​ថា ​បុរស​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូប​នេះ​ គឺជា​មនុស្ស​ដែល​គេ​ត្រូវ​រៀន​សូត្រ​តាម និង​ជា​គ្រូ​បង្វឹក​ដែល​ពោរពេញ​ដោយ​បទពិសោធន៍​។​ កីឡាករ​វ័យ 28ឆ្នាំ​រូប​នេះ​បាន​មក​ដល់ Spurs ពី Burnley ​កាលពី​ឆ្នាំ​2015 បង្ហាញខ្លួន​ឲ្យ Spurs ជាង 100ប្រកួត​ហើយ បូករួម​ទាំង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ជាមួយ Liverpool កាលពី​ខែ​មិថុនា​។

​​Kieran Trippier​ បាន​ក្លាយ​ជា​ខ្សែ​ការពារ​ទី3 ​របស់ Diego Simeone ​ផ្ទេរ​មកកាន់ Atletico Madrid មុន​រដូវ​កាល​ថ្មី​ខាងមុខនេះ ​បន្ទាប់ពី Felipe ផ្ទេរ​ពី Porto និង Renan Lodi ផ្ទេរ​ពី​ក្លិប​ប្រេ​ស៊ី​ល Atletico Paranaense​។ ​Atletico Madrid បាន​ចំណាយ​លុយ​ច្រើន​ក្នុង​រដូវ​ក្តៅ​នេះ បន្ទាប់ពី​ទិញ​ខ្សែប្រយុទ្ធ​វ័យក្មេង​ព័រទុយហ្កាល់ Joao Felix ពីBenfica 113លាន​ផោន តែ​ក៏បាន​លក់​ចេញ​ខ្សែប្រយុទ្ធ​ជួរមុខ Antoine Griezmann​ ទៅកាន់ Barcelona ដែរ​ក្នុង​តំលៃ 107.7លាន​ផោន​៕